កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries and Food Trade Corporation) បានសហការជាមួយគ្នាក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។
លោកស្រី Kim Chae-EUN ដែលជានាយកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកស្រី គឺជាក្រុមហ៊ុនល្បីឈ្មោះមួយដែលប្រជាជនកម្ពុជាបានស្គាល់ច្រើនពីហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសពិធីបុណ្យធំៗ ជាច្រើនផងដែរ។
លោកស្រីបានបន្ថែមថា ជាការពិតណាស់ព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យដ៏សប្បាយរីករាយជាទីបំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសដែលមានការជួបជុំគ្នាពីគ្រប់បណ្តាខេត្តទូទាំងប្រទេសមកដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញបែបនេះហើយទើបក្រុមហ៊ុនរបស់លោកស្រីចង់ចូលរួម និងចង់ក្លាយជាផ្នែកមួយក្នុងការណែនាំផលិតផល ដែលមានគុណភាពល្អបំផុតរបស់ប្រទេសកូរ៉េ និងលំដាប់ពិភពលោកដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះក្រុមហ៊ុន aT Korea នឹងធ្វើការបង្ហាញផលិតផលកូរ៉េដែលមានគុណភាពល្អបំផុត និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងទីផ្សារមានដូចជា៖ យិនស៊ិន, ស្រាធម្មជាតិប្រពៃណីកូរ៉េ Makgeolli, ភេសជ្ជៈ ខូឡាជេន, និងភេសជ្ជៈប៉ូវកម្លាំង Vita ដែលផលិតផលទាំងអស់នេះនឹងដាក់លក់ និងបង្ហញជូនក្នុងស្តង់ដែលមានឈ្មោះថា **“NhamNham Ahha Korea”**។